ភ្នំពេញ: ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣
![]() |
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ នៅលើផេកផ្លូវការព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា អនុមោទនា " បុណ្យមាឃបូជា " ។
មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
សម្ដេចតេជោបន្តថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្ត ខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង។
គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃអាទិត្យ ១៥កើត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំៗ០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីពីធី ក្នុងបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ដែលមានទីតាំងស្ថិតនៅ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេច ព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង មន្ត្រីសង្ឃ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលពិធីបុណ្យនេះ ក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៨០ អង្គផងដែរ។
សូមរម្លឹកថា បុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា លើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីនេះ ប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាស ដាក់ព្រះជន្មាយុសង្ខារ៕










0 Comments:
Post a Comment